2 Thessalonians 1

1ខ្ញុំប៉ូលស៊ីលវ៉ាននិងធីម៉ូថេជូនចំពោះក្រុមជំនុំ​នៅ​ក្រុងថែស្សាឡូនីច​ដែល​នៅក្នុងព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដ 2សូមព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដ​ប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្តដល់អ្នករាល់គ្នា 3បងប្អូនអើយ! ​យើង​ត្រូវអរព្រះគុណព្រះជាម្ចាស់ជានិច្ចអំពីអ្នករាល់គ្នា​ដ្បិត​ជា​ការ​ស័ក្តសមណាស់ពីព្រោះជំនឿ​របស់​អ្នករាល់គ្នាចម្រើន​ឡើង​យ៉ាងខ្លាំងហើយ​សេចក្ដី​ស្រលាញ់​ដែល​អ្នករាល់គ្នា​មាន​ចំពោះ​គ្នាទៅវិញទៅមក​ក៏​ចម្រើនឡើង​ដែរ។ 4ដូច្នេះហើយ​បានជា​យើងអួតអំពីអ្នករាល់គ្នានៅតាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់ដោយព្រោះជំនឿនិង​ការ​ស៊ូទ្រាំដែល​អ្នករាល់គ្នា​មាននៅក្នុង​ការ​បៀតបៀននិង​សេចក្ដី​វេទនាគ្រប់បែបយ៉ាង 5នោះជា​ភស្ដុតាងអំពី​ការ​ជំនុំជម្រះ​ដ៏​សុចរិត​របស់​ព្រះជាម្ចាស់ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​រាប់ជាស័ក្តិសមនឹងនគររបស់ព្រះជាម្ចាស់​ដ្បិត​អ្នករាល់គ្នា​រងទុក្ខដោយព្រោះនគរ​នោះ​ឯង 6ដ្បិតនេះ​ជា​សេចក្ដីសុចរិតនៅចំពោះព្រះជាម្ចាស់​គឺ​ព្រះអង្គ​នឹង​សង​សេចក្ដី​វេទនា​ដល់​ពួក​អ្នកដែលធ្វើទុក្ខអ្នករាល់គ្នាវិញ 7ហើយឲ្យ​អ្នករាល់គ្នាដែល​ត្រូវ​គេ​ធ្វើទុក្ខ​បាន​សម្រាកជាមួយយើងនៅពេល​ដែល​ព្រះអម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ 8នៅក្នុងអណ្ដាតភ្លើង​ដើម្បី​សងសឹកអស់អ្នកមិនស្គាល់ព្រះជាម្ចាស់និងអស់អ្នកមិនស្ដាប់តាមដំណឹងល្អរបស់​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង 9ពួកគេនឹង​ទទួលទោស​ជា​សេចក្ដីវិនាស​ដ៏​អស់កល្បជានិច្ច​គឺ​ឃ្លាតឆ្ងាយ​ពី​ព្រះ​ភក្ដ្រព្រះអម្ចាស់និងពីអំណាច​ដ៏​មាន​សិរីរុងរឿង​របស់​ព្រះអង្គ 10នៅពេលដែល​ព្រះអង្គ​យាងមក​ដើម្បី​ទទួល​ការ​លើកតម្កើងនៅក្នុងចំណោមពួកបរិសុទ្ធនិង​ដើម្បី​ទទួល​ការ​ស្ងើចសរសើរនៅក្នុងចំណោម​ពួក​អ្នកជឿទាំងអស់នៅថ្ងៃនោះព្រោះ​អ្នករាល់គ្នា​បាន​ជឿ​សេចក្ដី​បន្ទាល់​របស់​យើង​ហើយ។ 11ហេតុនេះហើយ​បានជា​យើង​អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច​សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើងរាប់អ្នករាល់គ្នា​ជា​ស័ក្តិសមនឹង​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ​ហើយ​ឲ្យ​ព្រះអង្គ​សម្រេចគ្រប់ទាំងបំណងល្អនិងកិច្ចការ​ដែល​ធ្វើ​ដោយ​ជំនឿដោយអំណាច​របស់​ព្រះអង្គ 12ដើម្បីឲ្យ​ព្រះនាមរបស់​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើងទទួល​ការ​លើកតម្កើងនៅក្នុង​ចំណោម​អ្នករាល់គ្នាហើយអ្នករាល់គ្នា​ក៏​ទទួល​ការ​លើកតម្កើង​នៅក្នុងព្រះអង្គ​ដែរ​តាមរយៈ​ព្រះ​គុណរបស់ព្រះជាម្ចាស់​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដ
Copyright information for KhmKCB